អ្នកស្រុករាប់លាននាក់នៅភាគខាងលិចសហរដ្ឋអាមេរិក ជួបការលំបាកក្រោមរលកកម្ដៅដ៏កំណាចកាលពីថ្ងៃសៅរ៍ (២៣ សីហា) ចុងសប្ដាហ៍ ដែលធ្វើឱ្យមនុស្សមួយចំនួនត្រូវចូលមន្ទីរពេទ្យ ជាមួយនឹងសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់ពេញមួយចុងសប្តាហ៍នៅតំបន់ប៉ាស៊ីហ្វិកភាគពាយព្យ ជាពិសេសទីក្រុងវ៉ាស៊ីនតោន, រដ្ឋ Oregon, តំបន់ California ភាគខាងត្បូង, រដ្ឋ Nevada និង Arizona ជាដើម។

មនុស្សប្រហែល ១,២លាននាក់ ស្ថិតក្រោមហានិភ័យនៃកម្ដៅខ្លាំង ដែលមានន័យថា សីតុណ្ហភាពត្រូវបានរំពឹងថានឹងបន្តឡើងខ្ពស់យ៉ាងគ្រោះថ្នាក់ ដោយមិនមានការធូរស្រាលឡើយសូម្បីតែពេលយប់។
តំបន់ធំបំផុតដែលស្ថិតក្រោមការព្រមានគឺនៅជុំវិញតំបន់ Tucson រដ្ឋ Arizona ជាទីដែលសេវាអាកាសធាតុជាតិព្យាករណ៍ថានឹងមានកម្ដៅកម្រិតខ្ពស់រវាង ៣៩ ទៅ ៤២ អង្សាសេ ខណៈតំបន់ California ភាគខាងត្បូងក៏ប្រឈមនឹងហានិភ័យខ្លាំងដែរ។
ប្រជាជន ១៨,៦លាននាក់ផ្សេងទៀត ស្ថិតក្រោមហានិភ័យកម្ដៅដ៏កំណាចនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់កម្មករ និងមនុស្សម្នាទាំងឡាយណាដែលមិនមានលទ្ធភាពទទួលបានភាពត្រជាក់ និងជាតិទឹកជាប្រចាំ រួមទាំងនៅទីក្រុង Miami ផងដែរ។
ទីក្រុង Portland រដ្ឋ Oregon បានរាយការណ៍ពីកម្រិតខ្ពស់បំផុតសម្រាប់ថ្ងៃទី២២ ខែសីហា នៃកម្ដៅ ៣៨,៩អង្សាសេ យោងតាមទិន្នន័យបឋម។ សេវាអាកាសធាតុជាតិព្រមានថា បើកម្ដៅនោះនៅតែបន្ត តួលេខថ្មីនេះអាចនឹងបំបែកកំណត់ត្រា ៣៦,៧អង្សារសេ ដែលជាកម្រិតខ្ពស់បំផុតរួចទៅហើយក្នុងឆ្នាំ១៩៤២៕

