អ្នកការទូតជាន់ខ្ពស់របស់វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)មិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទេ ព្រោះទីក្រុងមូស្គូចាត់ទុកលោកមេដឹកនាំមិនស្របច្បាប់ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើសេចក្តីប្រកាសនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន “Meet the Press” របស់ទូរទស្សន៍ NBC ដោយលើកឡើងថា លោក Putin នឹងមិនអាចធ្វើកិច្ចព្រមព្រៀងជាមួយលោក Zelenskyy បានទេ។
លោកបាននិយាយថា កិច្ចប្រជុំកំពូលដើម្បីបញ្ចប់សង្រ្គាមនឹងកើតឡើងលុះត្រាតែមាន “របៀបវារៈនយោបាយ” ដែលធ្វើឲ្យលោក Putin ពេញចិត្ត ប៉ុន្តែរបៀបវារៈនោះ មិនទាន់រួចរាល់នៅឡើយទេ។
លោក Lavrov បានបន្ថែមថា តារាងនៃបុរេលក្ខខណ្ឌ រួមមាន អ៊ុយក្រែន ត្រូវយល់ព្រមបោះបង់ក្ដីស្រមៃចង់ក្លាយជាសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូ ការពិភាក្សាបញ្ហាទឹកដី ហើយលោក Zelenskyy ត្រូវលុបចោលច្បាប់ហាមប្រាមការនិយាយភាសារុស្ស៊ី។
ប្រមុខការទូតរបស់រុស្ស៊ី រូបនេះ ក៏បានលើកឡើងផងដែរ រុស្ស៊ី មិនទទួលស្គាល់ លោក Zelenskyy ជាប្រមុខរដ្ឋរបស់អ៊ុយក្រែន ទេ៕

