ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចកាលពីថ្ងៃអាទិត្យថា ជំនួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅតែជា «មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតឈានឆ្ពោះទៅមុខ» ខណៈភាគីទាំងពីរដោះដូរអ្នកទោស ហើយប្រទេសនេះបានប្រារព្ធទិវាឯករាជ្យ។

ឧត្តមសេនីយនៅទីក្រុងគីវម្នាក់បាននិយាយថា កងទ័ពអ៊ុយក្រែន ដណ្តើមយកបានភូមិចំនួនបី នៅក្នុងតំបន់ Donetsk របស់ខ្លួន ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ហើយអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនទៅលើរុស្ស៊ី ដោយបង្កឲ្យមានការឆេះរោងចក្រនុយក្លេអ៊ែរ។

បន្ទាប់ពីការជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីសម្របសម្រួលជំនួបកំពូលរវាងអ៊ុយក្រែន-រុស្ស៊ី ក្តីសង្ឃឹមសម្រាប់សន្តិភាពបានធ្លាក់ចុះនៅពេលដែលរុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានច្រានចោលរាល់ជំនួបណាមួយរវាងលោកPutin និងលោក Zelenskiy។ ប៉ុន្តែលោក Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា «ទម្រង់នៃកិច្ចចរចារវាងមេដឹកនាំទាំងពីរគឺជាមធ្យោបាយឆ្ពោះឈានទៅមុខដ៏មានប្រសិទ្ធភាពបំផុត» ដោយមានការអំពាវនាវជាថ្មីសម្រាប់ជំនួបកំពូលទ្វេភាគីជាមួយលោកPutin។