រុស្ស៊ី បានចោទមេដឹកនាំអឺរ៉ុបខាងលិច កាលពីថ្ងៃអាទិត្យ (២៤ សីហា) ថាមិនចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ ខណៈប្រមុខការទូតរបស់ទីក្រុងមូស្គូ បានលើកសរសើរកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ស្របពេលលោកអនុប្រធានាធិបតី JD Vance និយាយថា ទីក្រុងវ៉ាស៊ីនតោននឹង "ព្យាយាមតទៅទៀត" ក្នុងការសម្របសម្រួលកិច្ចចរចា ក្នុងករណីដែលមិនមានកិច្ចព្រមព្រៀងសន្តិភាព។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ NBC នៅព្រឹកថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយថា៖ រុស្ស៊ី ចង់បានសន្តិភាពនៅអ៊ុយក្រែនណាស់ ហើយលោកប្រធានាធិបតី Trump ក៏ចង់បានសន្តិភាពនៅអ៊ុយក្រែនដែរ ប៉ុន្តែការជួបជុំនៅទីក្រុងវ៉ាស៊ីនតោននៃតំណាងអឺរ៉ុប ក្រោយកិច្ចប្រជុំកំពូលអាឡាស្កា និងអ្វីដែលបានធ្វើបន្ទាប់ពីជំនួបវ៉ាស៊ីនតោននោះ បានបង្ហាញថាពួកគេមិនចង់បានសន្តិភាពនោះទេ។
គួររម្លឹកថា លោក Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin បានបើកជំនួបកំពូលនៅទីក្រុង Anchorage រដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា។ បន្ទាប់ពីជំនួបកំពូលនេះ បណ្ដាមេដឹកនាំអឺរ៉ុប បានអមដំណើរលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy សម្រាប់កិច្ចពិភាក្សានៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។
នៅថ្ងៃអាទិត្យដដែលនោះ អនុប្រធានាធីបតីអាមេរិក លោក Vance លើកឡើងជា ការចរចាសន្តិភាពត្រូវដំណើរការទៅមុខ ប៉ុន្តែព្រមានថា ការបញ្ចប់សង្រ្គាមនឹងមិនកើតឡើងត្រឹមពេលមួយយប់ទេ។ លោកសង្កត់ធ្ងន់ថា «រឿងនេះស្មុគស្មាញណាស់ ប៉ុន្តែអាមេរិកនឹងបន្តព្យាយាមបញ្ចុះបញ្ចូលភាគីទាំងនេះឱ្យនិយាយពិភាក្សាគ្នាទៅវិញទៅមក ហើយបន្តលេងល្បែងការទូត ព្រោះនោះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់រឿងនេះ»៕

