រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ដើម្បីកែប្រែឡើងវិញប្រព័ន្ធការសុំសិទ្ធិជ្រកោនរបស់ខ្លួន បន្ទាប់ពីការតវ៉ាកាលពីចុងសប្តាហ៍បានផ្ទុះឡើងនៅទូទាំងប្រទេសនៅសណ្ឋាគារច្រើនកន្លែងដែលផ្តល់ការស្នាក់នៅដល់ជនអន្តោប្រវេសន៍។

រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបង្កើតស្ថាប័នឯករាជ្យថ្មីមួយ ខណៈខ្លួនព្យាយាមបញ្ចប់ការប្រើប្រាស់ដែលខាតបង់ច្រើនក្នុងការផ្តល់កន្លែងស្នាក់នៅ នៅសណ្ឋាគារដល់ជនអន្តោប្រវេសន៍ ដែលបានក្លាយជាគោលដៅនៃការតវ៉ា។
ការតវ៉ា បានចាប់ផ្តើមនៅខាងក្រៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Epping ភាគអាគ្នេយ៍ប្រទេសអង់គ្លេស បន្ទាប់ពីពលរដ្ឋម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងស្រីអាយុ១៤ឆ្នាំ។

រដ្ឋាភិបាលការងារបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការដែលរារាំងខ្លួនពីការផ្តល់កន្លែងស្នាក់នៅដល់អ្នកស្វែងរកសិទ្ធិជ្រកកោននៅសណ្ឋាគារ។ សេចក្តីសម្រេចនេះបានធ្វើឱ្យមានការប្រកាសពីការតវ៉ានិងប្រឆាំងតវ៉ានៅខាងក្រៅសណ្ឋាគារដែលទទួលអ្នកស្វែងរកសិទ្ធិជ្រកកោននៅទូទាំងប្រទេស។
ការតវ៉ាជាច្រើនក្រោមពាក្យស្លោក «លុបចោលប្រព័ន្ធសុំសិទ្ធជ្រកកោន» ត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះនៅក្នុងទីក្រុងនិងទីប្រជុំជនជាច្រើនរួមទាំងនៅទីក្រុងឡុងដ្រ៍ភាគកណ្តាល។ នគរបាលបានបំបែកក្រុមគូប្រឆាំងក្នុងទីក្រុង Bristol ដោយមន្ត្រីបានប៉ះទង្គិចជាមួយបាតុករ។