ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្ដេជ្ញានៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិក្នុងឱកាសទិវាឯករាជ្យ នាថ្ងៃអាទិត្យ ទី២៤ ខែសីហា ថា អ៊ុយក្រែននឹងបន្តតស៊ូក្នុងសមរភូមិប្រយុទ្ធដើម្បីសេរីភាពរបស់ខ្លួន "ខណៈពេលដែលការអំពាវនាវដើម្បីសន្តិភាពមិនត្រូវបានឆ្លើយតប"។

លោក Zelenskiy បាននិយាយថា "អ៊ុយក្រែនត្រូវការសន្តិភាពដ៏យុត្តិធម៌មួយ ជាសន្តិភាពដែលអ៊ុយក្រែន អាចសម្រេចអនាគតដោយខ្លួនឯងបាន"។ លោកបន្តថា៖ "អ៊ុយក្រែនមិនមែនជាជនរងគ្រោះទេ តែគឺជាអ្នកប្រយុទ្ធ... អ៊ុយក្រែនមិនទាន់ឈ្នះទេ ប៉ុន្តែពិតជាមិនចាញ់ឡើយ»។
ការអត្ថាធិប្បាយរបស់លោក Zelenskiy បានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូនិយាយថា អ៊ុយក្រែនបានវាយប្រហារលើរោងចក្រអគ្គិសនី និងថាមពលរបស់រុស្ស៊ី ពេញមួយយប់ ហើយក៏បានបន្ទោសការវាយប្រហារដោយយានដ្រូននេះថាបណ្ដាលឱ្យមានអគ្គិភ័យឆេះរោងចក្រថាមពលនុយក្លេអ៊ែរនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។
មជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់អ៊ុយក្រែន និយាយថា សេចក្ដីរាយការណ៍ចង្អុលបង្ហាញថា ប្រព័ន្ធរុស្ស៊ីដែលបាញ់ទម្លាក់យានដ្រូនមួយគ្រឿង គឺជាមូលហេតុបង្កឱ្យមានអគ្គិភ័យនោះ។ សេវាកម្មសារព័ត៌មានរបស់រោងចក្រថាមពលនេះ បាននិយាយលើកម្មវិធីផ្ញើសារតេលេក្រាមថា មិនមានមនុស្សរងរបួសទេ ហើយអគ្គិភ័យត្រូវពន្លត់បានយ៉ាងឆាប់រហ័ស ខណៈការវាយប្រហារបានធ្វើឱ្យខូចខាតម៉ាស៊ីនមួយចំនួន ប៉ុន្តែកម្រិតវិទ្យុសកម្មស្ថិតនៅក្នុងកម្រិតធម្មតា៕

