អាជ្ញាធរការពារជនស៊ីវិលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានបំផ្លាញអគារជាង ១.០០០ខ្នង ទាំងស្រុងនៅក្នុងសង្កាត់ Zeitoun និង Sabra នៃទីក្រុងហ្កាហ្សា ចាប់តាំងពីខ្លួនចាប់ផ្តើមប្រតិបត្តិការវាយលុកទីក្រុងនេះ នៅថ្ងៃទី៦ សីហា មក ដែលធ្វើឱ្យមនុស្សរាប់រយនាក់ជាប់ក្រោមគំនរបាក់បែក។

ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២៤ សីហា) ថា ការបាញ់ផ្លោងជាបន្តបន្ទាប់ និងការបិទផ្លូវចូល កំពុងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងជំនួយក្នុងតំបន់នោះ ដោយបន្ថែមថា បុគ្គលិកសង្គ្រោះបន្ទាន់បន្តទទួលបានរបាយការណ៍ជាច្រើនពីអ្នកបាត់ខ្លួន ប៉ុន្តែមិនអាចឆ្លើយតបបានទេ ខណៈមន្ទីរពេទ្យពោរពេញដោយអ្នកស្លាប់ និងរបួសពីការវាយប្រហារបន្តបន្ទាប់។
អាជ្ញាធរការពារជនស៊ីវិលនេះព្រមានថា «ពុំមានតំបន់សុវត្ថិភាពទៀតឡើយនៅក្នុងដែនដីហ្កាហ្សាស្រ្ទីបទាំងមូល មិនថានៅភាគខាងជើង ឬខាងត្បូងនោះទេគឺសុទ្ធតែគ្រោះថ្នាក់ ហើយការបាញ់ផ្លោងនៅតែបន្តសំដៅលើជនស៊ីវិលក្នុងផ្ទះសម្បែងរបស់ពួកគេ ទីជម្រក និងសូម្បីតែនៅក្នុងជំរំភៀសខ្លួនក៏ដោយ»។
រថក្រោះអ៊ីស្រាអែល ត្រូវរាយការណ៍ថាបានរំកិលចូលក្នុងសង្កាត់ Sabra ខណៈអ៊ីស្រាអែល ឆ្ពោះទៅមុខលើផែនការកាន់កាប់ក្រុងហ្កាហ្សាពេញលេញ ដោយបង្ខំប្រជាជនប៉ាឡេស្ទីនជិត ១លាននាក់ នៅទីនោះឱ្យភៀសខ្លួនទៅភាគខាងត្បូង។ ការអះអាងរបស់ក្រុមការពារជនស៊ីវិលនេះ ហាក់ដូចជាបញ្ជាក់ពីការភ័យខ្លាចថា អ៊ីស្រាអែលគ្រោងកម្ទេចទីក្រុងហ្កាហ្សាទាំងស្រុង ដូចដែលខ្លួនបានធ្វើនៅក្រុង Rafah ភាគខាងត្បូង នៅក្នុងយុទ្ធនាការមួយដែលអ្នកតស៊ូមតិសិទ្ធិព្រមានថា អាចមានគោលបំណងបណ្ដេញជនប៉ាឡេស្ទីនទាំងអស់ចេញពីដែនដីហ្កាហ្សាទាំងមូល៕

