អ្នករៀបចំបាននិយាយថា មនុស្សរាប់ម៉ឺននាក់បានចេញធ្វើបាតុកម្មនៅតាមទីក្រុងនិងក្រុងធំៗនៅប្រទេសអូស្ត្រាលី ដោយទាមទារឱ្យមានចំណាត់ការជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីនដែលកំពុងស្លាប់ និងអត់ឃ្លាន។ ក្រុមអង្គការ Palestine Action បាននិយាយថា ការតវ៉ាជាង ៤០ក្រុម បានធ្វើឡើងនៅទូទាំងប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ រួមមានការជួបជុំទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានី Sydney ទីក្រុងBrisbane និងទីក្រុងមែលប៊ន(Melbourne)។

លោក Remah Naji អ្នករៀបចំការតវ៉ានៅភាគខាងកើតទីក្រុង Brisbane បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា «យើងទាមទារពីអ្នកនយោបាយរបស់យើងឲ្យធ្វើច្រើនជាងការនិយាយ។ យើងបានឆ្លងកាត់រឿងនេះច្រើនមកហើយ»។ «ពេលនេះ យើងទាមទារឱ្យមានចំណាត់ការដូចគ្នា ដែលយើងបានធ្វើក្នុងពេលនៃអំពើប្រល័យពូជសាសន៍។ យើងគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាប្រល័យពូជសាសន៍ ដែលមានន័យថា យើងមានកាតព្វកិច្ចក្នុងការទប់ស្កាត់និងដាក់ទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅពេលដែលវាកើតឡើង»។ ការតវ៉ាដែលថ្កោលទោសសង្គ្រាមនិងយុទ្ធនាការបង្អត់អាហាររបស់អ៊ីស្រាអែលក៏ត្រូវបានធ្វើឡើងក្នុងបណ្តាប្រទេសមួយចំនួនផ្សេងទៀតជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យ។

នៅក្នុងប្រទេសអូស្ត្រាលី ជាកន្លែងដែលមនុស្សជាច្រើនប្រមូលផ្តុំគ្នាទាំងនៅក្នុងទីក្រុងធំនិងតូចនៅទូទាំងប្រទេស ក្រុមអ្នកតវ៉ាបានជំរុញឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល និងបញ្ចប់ពាណិជ្ជកម្មអាវុធជាមួយប្រទេសនេះ ដែលក្រុមសិទ្ធិមនុស្សឈានមុខបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ការតវ៉ានេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរឈានមុខគេរបស់ពិភពលោកលើវិបត្តិស្បៀងអាហារ ឈ្មោះថាចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា(IPC) បានប្រកាសថាមានទុរ្ភិក្សនៅទីក្រុងហ្កាហ្សា។ ការព្រមាននេះបានធ្វើឡើងខណៈកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយលុក និងទម្លាក់គ្រាប់បែកនៅទូទាំងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សជិតពីរលាននាក់ត្រូវបានជម្លៀសចេញ។