បាល់ទាត់៖ ក្រុមសារិកាព្រៃ Newcastle United ត្រូវបានគេដឹងថា បានធ្វើទំនាក់ទំនងមកកាន់បិសាចក្រហម Manchester United ក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធអង់គ្លេស Jesse Lingard ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល។ Lingard ដែលកិច្ចសន្យារបស់គេនឹងអស់សុពលភាពជាមួយ Manchester United នៅដំណាច់រដូវកាលនេះនោះ បានទទួលការចាប់អារម្មណ៍ពីក្លិបជាច្រើនស្របពេលឱកាសលេងនៅ Old Trafford មានតិច។
Manchester United កំពុងស្ទាក់ស្ទើរក្នុងការបញ្ចេញកីឡាករវ័យ ២៩ឆ្នាំនេះបន្ទាប់ពីបានបដិសេធសំណើពី West Ham និង Tottenham Hotspur។ ចំណែកឯ Newcastle ដែលកំពុងពុះពារចេញពីតំបន់គ្រោះថ្នាក់ មានស្ថានភាពខុសគ្នាក្នុងផែនការយក Jesse Lingard មកកាន់ St. James Park។ Newcastle គ្រោងខ្ចីកីឡាករអង់គ្លេសរូបនេះ និងបន្តកិច្ចសន្យាតែម្តង ខណៈដែលពេលនេះនៅរង់ចាំតែការសំរេចចិត្តរបស់ Manchester United និង Jesse Lingard តែប៉ុណ្ណោះក្នុងការជ្រើសរើសក្លិបថ្មីនាពេលអនាគត៕
អត្ថបទ៖នាង សុភាវុធ