ក្រសួងសុខាភិបាល និងសេវាប្រជាជន (HHS) របស់អាមេរិក កាលពីថ្ងៃអាទិត្យ (២៤ សីហា) បានរាយការណ៍ពីករណីដង្កូវស៊ីសាច់នៅក្នុងខ្លួនមនុស្ស ជាលើកដំបូងបំផុតនៅសហរដ្ឋអាមេរិក ដែលទាក់ទងនឹងការរាលដាលឆ្លងតាមរយៈការធ្វើដំណើរ នៃដង្កូវឬប៉ារ៉ាស៊ីតស៊ីសាច់ស្រស់ ក្នុងខ្លួនមនុស្សបែបនេះ ពីប្រទេសដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃករណីដ៏គួរឱ្យភ័យខ្លាចនៅតំបន់អាមេរិកកណ្តាល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Andrew G. Nixon បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ ករណីនេះត្រូវស៊ើបអង្កេតដោយក្រសួងសុខាភិបាលប្រចាំរដ្ឋ Maryland និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក ហៅកាត់ថា CDC ហើយត្រូវបានបញ្ជាក់ថាជាករណីដង្កូវស៊ីសាច់ ពពួក New World នៅថ្ងៃទី៤ ខែសីហា ដោយពាក់ព័ន្ធនឹងអ្នកជំងឺ ដែលវិលត្រឡប់មកពីការធ្វើដំណើរនៅប្រទេសអែលសាល់វ៉ាឌ័រ។
ទន្ទឹមនឹងនេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ដកស្រង់ពីប្រភពឧស្សាហកម្មសាច់គោថា មជ្ឈមណ្ឌល CDC កាលពីសប្តាហ៍មុន បានបញ្ជាក់ពីករណីនៃដង្កូវស៊ីសាច់ New World ដូចគ្នានេះ ក្នុងខ្លួនមនុស្សម្នាក់នៅរដ្ឋ Maryland ដែលបានធ្វើដំណើរត្រឡប់មកពីប្រទេសហ្គាតេម៉ាឡា ទៅកាន់សហរដ្ឋអាមេរិក។
ការលើកឡើងផ្សេងគ្នាពីរដ្ឋាភិបាលអាមេរិក និងប្រភពឧស្សាហកម្ម ទាក់ទងនឹងករណីដង្កូវស៊ីសាច់ក្នុងខ្លួនមនុស្សនេះ ទំនងជានឹងធ្វើឱ្យឧស្សាហកម្មចិញ្ចឹមសត្វគោ អ្នកផលិតសាច់គោ និងពាណិជ្ជករបសុសត្វ ប្រុងប្រយត្ន័ខ្ពស់កាន់តែខ្លាំង សម្រាប់ជំងឺឆ្លងដែលអាចកើតមាននៅអាមេរិក ខណៈពពួកដង្កូវប្រភេទនេះបានរាលដាលទៅភាគខាងជើង ពីទឹកដីអាមេរិកកណ្តាល និងភាគខាងត្បូងម៉ិកស៊ិក។
គួរឱ្យដឹងថា ដង្កូវស៊ីសាច់នេះគឺជាពពួករុយប៉ារ៉ាស៊ីត ដែលដង្កូវញីពងដាក់លើរបួសរបស់សត្វណាមួយ ហើយនៅពេលពងនោះញាស់ ដង្កូវស៊ីសាច់រាប់រយក្បាលបានប្រើមាត់ដ៏មុតស្រួចរបស់វា ទម្លុះចូលទៅក្នុងសាច់សត្វ រួចនៅទីបំផុតនឹងសម្លាប់សត្វដែលវារស់នៅនោះ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ៕

