កាសែត Wall Street Journal (ហៅកាត់ថា WSJ) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៣ សីហា) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា មន្ទីរបញ្ចកោណ កំពុងធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់ក្នុងការរារាំងអ៊ុយក្រែន មិនឱ្យប្រើប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតដោយអាមេរិក ឈ្មោះថា ATACMS ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសរុស្ស៊ីឡើយ ដោយដាក់កំហិតលើសមត្ថភាពរបស់ទីក្រុងគីវ ក្នុងការប្រើប្រាស់អាវុធទាំងនេះ ការពារប្រឆាំងនឹងទីក្រុងមូស្គូ។

សារព័ត៌មាននេះសង្កត់ធ្ងន់ថា យ៉ាងណាមិញ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth គឺជាអ្នកសម្រេចចិត្តចុងក្រោយ ជុំវិញការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយបែបនេះ។ ទាំងការិយាល័យប្រធានាធិបតីអ៊ុយក្រែន និងក្រសួងការពារជាតិ មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយទេ ហើយសេតវិមាន និងមន្ទីរបញ្ចកោណក៏មិនបានឆ្លើយតបដែរ។
ដំណឹងដែលមិនទាន់មានការបញ្ជាក់ផ្លូវការនេះ កើតឡើងនៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាន់តែខកចិត្តខ្លាំងឡើងចំពោះសង្គ្រាមរយៈពេលជាង ៣ឆ្នាំមកនេះ និងកិច្ចប្រឹងប្រែងមិនទាន់មានផ្លែផ្កា ក្នុងការទទួលបានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
បន្ទាប់ពីជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមេដឹកនាំអឺរ៉ុប និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានបរាជ័យក្នុងការបង្កើតវឌ្ឍនភាពធំដុំក្នុងសង្រ្គាម — លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកកំពុងពិចារណាជាថ្មីម្តងទៀតក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ឬប្រើជម្រើសផ្សេង ឬក៏អាចដើរចេញពីដំណើរការសន្តិភាពនេះដែរ៕

