វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានបោះមួយជំហានទៀតក្នុងដំណើរស្វែងរកពាន Grand Slam លើកទី២១ របស់ខ្លួនក្រោយយកឈ្នះកីឡាករអាល្លឺម៉ង់ Yannick Hanfmann ឡើងជុំទី៣ Australian Open។ កីឡាករដែលមកពីវគ្គជំរុះ Yannick Hanfmann បានសង្គ្រោះពិន្ទុជ័យជំនះរបស់ Nadal ដល់ទៅបួនលើកមុនពេលដែលជើងឯកឆ្នាំ២០០៩ រូបនេះយកឈ្នះបានដោយលទ្ធផល ៦-២, ៦-៣ និង ៦-៤។

ជុំទី៣ Rafael Nadal នឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ ២៨ ក្នុងកម្មវិធី Karen Khachanov បន្ទាប់ពីកីឡាកររុស្ស៊ីរូបនេះបានយកឈ្នះកីឡាករបារាំង Benjamin Bonzi។ សូមបញ្ជាក់ថា Rafael Nadal ជាអតីតជើងឯក Australian Open តែម្នាក់គត់នៅសល់ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ ក្រឡេកមកម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូកីឡាករអាល្លឺម៉ង់ Alexander Zverev ក៏បានបន្តដំណើរឡើងជុំទី៣ ផងដែរក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអូស្ត្រាលី John Millman។ មិនលំបាកសំរាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះឡើយដោយយកឈ្នះក្នុងលទ្ធផល ៣សិតផ្ទួនៗ ៦-៤, ៦-៤ និង ៦-០ ដើម្បីឡើងទៅជួបជាមួយកីឡាករម៉ុលដូវ៉ា Radu Albot ដែលបានយកឈ្នះកីឡាករ Aleksander Vukic ៦-៤, ៧-៦(៧-៤) និង ៦-៤៕
អត្ថបទស៖នាង សុភាវុធ