ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយថា ប្រទេសលោកខាងលិច ដែលតែងតែនិយាយអំពីសិទ្ធិមនុស្ស មិនបានថ្កោលទោសអ៊ីស្រាអែលចំពោះ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»ដែលប្រទេសនេះ កំពុងប្រព្រឹត្តនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។
អ្នកការទូតរូបនេះ បានលើកឡើងថា៖«យើងដឹងថា អ៊ីស្រាអែលមិនអាចធ្វើសង្រ្គាមដោយខ្លួនឯងបានទេ។ ប្រទេសនេះ កំពុងត្រូវបានជួយដោយមហាអំណាចផ្សេងទៀត។ នេះគឺជាសង្គ្រាមតំណាង»។ លោក Jalali បាននិយាយថា៖«អ៊ីស្រាអែលកំពុងប្រយុទ្ធនៅក្នុងតំបន់នេះ ក្នុងនាមលោកខាងលិច ដែលជាមូលហេតុ ដែលពួកគេមិនអើពើ និងមិនថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ពួកគេតែងតែនិយាយអំពីសិទ្ធិមនុស្ស ប៉ុន្តែមិនមានឧទាហរណ៍ជាក់ស្តែងណាមួយនៃការរំលោភរបស់ពួកគេ ជាងអ្វីដែលកំពុងកើតឡើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ»។

យោងតាមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា «ប្រឆាំងនឹងប្រជាជនស្លូតត្រង់គ្មានទីពឹង»។ អ្នកការទូតរូបនេះ បានចង្អុលបង្ហាញថា៖«អ៊ីរ៉ង់មិនមែនជាតំបន់ហ្កាហ្សាទេ» ហើយថារបាយការណ៍នៃការរៀបចំដែលអាចកើតមានរបស់អ៊ីស្រាអែលសម្រាប់ប្រតិបត្តិការថ្មីប្រឆាំងនឹងអ៊ីរ៉ង់ គឺ «គ្រាន់តែជាការសន្មត់ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ» ។
ស្របពេលជាមួយគ្នានេះ លោក Jalali បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ប្រឆាំងសង្គ្រាម ប៉ុន្តែបានត្រៀមលក្ខណៈដើម្បីឆ្លើយតប ក្នុងករណីមានការវាយប្រហារណាមួយ។ លោកបាននិយាយថា៖«រឿងដដែលនេះ បានកើតឡើង ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃ។ ប្រសិនបើអ៊ីស្រាអែល មិនទទួលបានការខូចខាត ធ្ងន់ធ្ងរទេ ពួកគេនឹងមិនស្នើសុំបទឈប់បាញ់នោះទេ។
