មនុស្សយ៉ាងហោច ៩នាក់ រួមទាំងស្រ្តី ២នាក់ និងក្មេងម្នាក់ ត្រូវបានសម្លាប់ ហើយមនុស្សច្រើននាក់ផ្សេងទៀត បានរងរបួស ក្រោយរថយន្តកុងតឺន័រ បុកជាមួយត្រាក់ទ័រនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌានាព្រឹកថ្ងៃចន្ទនេះ ។
អ្នកស្រី Shruti គឺជាចៅក្រមស្រុក Bulandshahr និយាយថា មនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

អ្នកស្រី Shruti បញ្ជាក់ថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ២ និង ១៥យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ម៉ោងក្នុងស្រុក នៅតំបន់ Arnia ពេលដែលត្រាក់ទ័រ និងរថយន្តកុងតឺន័របុកគ្នា ។
អ្នកស្រីបន្តថា មកទល់នឹងពេលនេះ មនុស្ស ៩នាក់បានស្លាប់ ហើយមនុស្ស ១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Aligarh ដោយពួកគេរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែមនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទទួលបានការព្យាបាល ហើយពួកគេនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ នៅពេលដែលស្ថានភាពរបួសរបស់ពួកគេល្អប្រសើរឡើងវិញ ។
ដោយឡែក សារព័ត៌មានក្នុងស្រុករាយការណ៍ថា ត្រាក់ទ័រដឹកក្រុមគោរពបូជា បានធ្វើដំណើរតាមផ្លូវទៅកាន់ព្រះវិហារ ស្ថិតនៅរដ្ឋភាគខាងលិច Rajasthan ពេលដែលឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌា ក្លាយជារឿងធម្មតាទៅហើយ ស្របពេលដែលអ្នកបើកបរមួយចំនួនខ្វះការប្រុងប្រយ័ត្នខ្ពស់ ហើយស្ថានភាពផ្លូវពុំសូវអំណោយផល បានរួមចំណែកផងដែរនៅក្នុងឧបទ្ទេវហេតុទាំងអស់នេះ ៕
