ភ្នំពេញ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៊ួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
ក្នុងដំណើរទស្សនកិច្ចនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ខណៈដែលឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតនិងជា"ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២" ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ួយ ថាញ់សឺន មកកាន់កម្ពុជានឹងបន្តពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕