នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃអាទិត្យ (ទី២៤ ខែសីហា) បានសន្យាផ្តល់ជំនួយ ១០០លានរីងហ្គីត (២៣,៦លានដុល្លារ) បន្ថែមទៀតដល់តំបន់ហ្គាហ្សា ខណៈដែលមនុស្សជាង ១០.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរាជធានីរបស់ប្រទេស ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។
ក្នុងសុន្ទរកថាពិសេសមួយ នៅឯទីលានឯករាជ្យនៃទីក្រុងគូឡាឡាំពួ លោក Anwar បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសជាលើកដំបូងនូវជំនួយចំនួន ១០០លានរីងហ្គីត សម្រាប់ប៉ាឡេស្ទីន ក្នុងឆ្នាំ២០២៣។ ហើយលោកបានបន្តថា៖ «យប់នេះ ខ្ញុំសូមប្រកាសនៅទីនេះថា ប្រទេសម៉ាឡេស៊ីនឹងបរិច្ចាគប្រាក់ចំនួន ១០០លានរីងហ្គីតទៀត។ ខ្ញុំស្នើឲ្យប្រជាជនម៉ាឡេស៊ីសូមមេត្តាចងចាំថា ប្រទេសនេះមានសន្តិភាព និងឯករាជ្យ។ រៀនសូត្រពីបញ្ហានេះ ហើយលើកកម្ពស់សន្តិភាព និងសេរីភាព សម្រាប់ទាំងអស់គ្នា»។

ជាមួយគ្នានេះ នៅក្នុងសុន្ទរកថាដែលមានពាក្យពេចន៍ធ្ងន់ៗ លោក Anwar បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល ពាក់ព័ន្ធនឹងគ្រោះទុរ្ភិក្សដែលបង្កើតឡើងដោយមនុស្ស នៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារការអត់ឃ្លាន ហើយអ្នកស្វែងរកជំនួយត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ។
លោកបាននិយាយក្នុងន័យរិះគន់ខ្លាំងៗថា៖ «ជំនួយគ្រប់បែបយ៉ាងត្រូវបានផ្តល់ឲ្យ ប៉ុន្តែក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ទាំងនេះ បានសម្រេចចិត្តទុកឲ្យជំនួយទាំងនោះខូចឥតប្រយោជន៍។ តើនេះជាមនុស្សបែបណាទៅ? នេះមិនមែនមនុស្សឡើយ! មនុស្សស្លាប់ដោយអត់អាហារ ប៉ុន្តែអាហារ និងថ្នាំ នៅព្រំដែន។ ខ្ញុំមានអាយុ ៧៨ឆ្នាំហើយ ហើយខ្ញុំមិនដែលឃើញអំពើឃោរឃៅបែបនេះឡើយ។ លោក (Benjamin) Netanyahu និងក្រុមមនុស្សដ៏ឥតវិចារណញ្ញាណរបស់លោក គឺពិតជាគ្មានក្ដីមេត្តាសោះ»។
លោក Anwar បានបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រជាជនម៉ាឡេស៊ីនឹងមិនបោះបង់ជនជាតិប៉ាឡេស្ទីននោះឡើយ អំឡុងពេលពួកគេកំពុងតស៊ូប្រឆាំងនឹងរបបគាំទ្រលទ្ធិហ្សាអឺន៕


