ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ ដែលនឹងមានរយៈពេលជាង ១សប្តាហ៍ ដោយមានការចូលរួមជាមួយសម្ព័ន្ធមិត្តមកពីប្រទេសចំនួន ១១ ដោយនេះជាសមយុទ្ធដែលមានគោលបំណងធានាស្ថិរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សមយុទ្ធប្រចាំឆ្នាំឈ្មោះ «Super Garuda Shield» នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា និងទីតាំងជាច្រើនទៀត នៅលើកោះស៊ូម៉ាត្រាភាគខាងលិច និងប្រជុំកោះ Riau រហូតដល់ថ្ងៃទី៤ ខែកញ្ញា។ ទាហានឥណ្ឌូនេស៊ីជាង ៤.១០០នាក់ និងទាហានអាមេរិក ១.៣០០នាក់ នឹងហាត់សមជាមួយគ្នា ដោយមានវត្តមានរបស់អ្នកចូលរួមផ្សេងទៀតមកពីប្រទេសអូស្ត្រាលី ជប៉ុន សិង្ហបុរី បារាំង នូវែលហ្សេឡង់ អង់គ្លេស និងប្រទេសដទៃទៀត។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន ដូចជាអូស្ត្រាលីជាដើម បានបង្ហាញពីការមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែកន្លងមក ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សមយុទ្ធបែបនេះ មិនមែនសំដៅទៅលើទីក្រុងប៉េកាំងនោះឡើយ។

លោក Samuel Paparo មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនៅឆ្នាំនេះ គឺជាសមយុទ្ធ «Super Garuda Shield» ដ៏ធំបំផុតមិនធ្លាប់មាន ដោយបលោកបានន្ថែមថា ប្រទេសទាំង២ នឹងជួយសល់ប្រទេសចូលរួមលើកកម្ពស់សមត្ថភាពទប់ស្កាត់ តែមិនបានបញ្ជាក់ឲ្យលម្អិតឡើយ។
ចំណែកយោធាឥណ្ឌូនេស៊ី បានប្រាប់ថា កម្មវិធីនេះរួមមានលំហាត់សមបុគ្គលិក សមយុទ្ធការពារតាមប្រព័ន្ធអ៊ីនធឺណិត និងព្រឹត្តិការណ៍បាញ់គ្រាប់ពិត។ ប្រទេសដែលរួមមានឥណ្ឌា ប៉ាពួញូវហ្គីណេ និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមសមយុទ្ធនេះដែរ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីរក្សាគោលនយោបាយការបរទេសអព្យាក្រឹត និងព្យាយាមរក្សាទំនាក់ទំនងល្អ ទាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយថ្លឹងថ្លែងវិធានការការទូតយ៉ាងប្រុងប្រយ័ត្ន រវាងគូប្រជែងមហាអំណាទាំង២៕


