ក្រសួងការពារជាតិរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសសង្គ្រាមចំនួន ១៤៦នាក់ពីភាគីម្ខាងៗ កាលពីថ្ងៃអាទិរ្យ (ទី២៤ ខែសីហា) បន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។
ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ថា ជនជាតិរុស្ស៊ីទាំងអស់ដែលត្រូវបានដោះលែង គឺស្ថិតនៅក្នុងប្រទេសបេឡារុស ដែលកំពុងទទួលបានជំនួយផ្នែកផ្លូវចិត្ត និងវេជ្ជសាស្ត្រ។ ក្រសួងបានបន្ថែមថា អ៊ុយក្រែនក៏បានបញ្ជូនត្រលប់ទៅទីក្រុងមូស្គូវិញនូវពលរដ្ឋរុស្ស៊ី ៨នាក់ ដែលជាអ្នករស់នៅតំបន់ Kursk។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បានប្រកាសថា ការដោះដូរបានកើតឡើង ប៉ុន្តែមិនបានផ្តល់តួលេខឲ្យដឹងឡើយ។
លោកប្រធានាធិបតីបានបង្ហោះរូបភាពនៃអ្នកវិលត្រលមកវិញដោយញញឹម ដោយនិយាយថា ពួកគេភាគច្រើន បានជាប់ឃុំឃាំងតាំងពីឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានលុកលុយឈ្លានពានប្រទេសជិតខាងតូចជាងខ្លួន។ លោកបានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានម្នាក់ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ១ខែបន្ទាប់ពីមានការលុកលុយនោះ ស្ថិតក្នុងចំណោមអ្នកមានសេរីភាពទាំងនោះ។
ជាចុងក្រោយ លោក Zelensky បានថ្លែងអំណរគុណដល់អារ៉ាប់រួម សម្រាប់តួនាទីរបស់ប្រទេសនេះ ក្នុងការត្រួតពិនិត្យការដោះដូរនេះ៕

