ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅមូស្គូ លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រតិបត្តិការដែលបានគ្រោងទុករបស់អ៊ីស្រាអែល ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា នឹងក្លាយជាឧក្រិដ្ឋកម្មដ៏ធំមួយ ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មជ្ឈិមបូព៌ា។
អ្នកការទូតរូបនេះ បាននិយាយថា៖«នេះគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ ឧក្រិដ្ឋកម្មនេះ មានផលវិបាកយ៉ាងសំខាន់សម្រាប់តំបន់នេះ។ ការរាំងខ្ទប់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប ធ្វើទារុណកម្មពួកគេដោយភាពអត់ឃ្លាន និងការសម្លាប់ និងបង្កឲ្យពួកគេជាច្រើននាក់ រងរបួស ខណៈដែលការទាមទារចង់ដណ្តើមយកតំបន់នេះទាំងមូល មិនអាចហៅថា អ្វីក្រៅពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ»។
យោងតាមលោកឯកអគ្គរដ្ឋទូត ការសម្រេចចិត្តធ្វើប្រតិបត្តិការនេះ បង្ហាញថា ភាគីអ៊ីស្រាអែល «មិនអើពើនឹងច្បាប់របស់មនុស្សជាតិទាំងអស់»។ លោក Jalali បន្ថែមថា៖«ខ្ញុំមិននិយាយអំពីច្បាប់អន្តរជាតិទេ ព្រោះវាត្រូវបានបំផ្លាញរួចហើយ។ ប៉ុន្តែយើងទាំងអស់គ្នា មានច្បាប់របស់មនុស្សជាតិ ហើយពួកគេ ត្រូវបានគេមិនអើពើទាំងស្រុងតែម្តង»។

កាលពីថ្ងៃទី ២១ ខែសីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទៅដល់តំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលលោកបានថតវីដេអូសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា លោកនៅទីនោះ ដើម្បីអនុម័តផែនការរបស់កងទ័ពសម្រាប់តំបន់ហ្កាហ្សា។ លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា លោកបានណែនាំក្រុមរបស់លោកឲ្យចាប់ផ្តើមការចរចាជាបន្ទាន់អំពី ការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបញ្ចប់សង្គ្រាមនៅហ្កាហ្សា ក្នុងលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់អ៊ីស្រាអែល។ យោងតាមលោក ណេតាន់យ៉ាហ៊ូ ការកម្ចាត់ក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងទាំងអស់ នឹងកើតឡើង ក្នុងពេលដំណាលគ្នា។
