ទីភ្នាក់ងារឧតុនិយមរដ្ឋ (Aemet) កាលពីថ្ងៃអាទិត្យ (ទី២៤ ខែសីហា) បានឲ្យដឹងថា រលកកម្តៅរយៈពេល ១៦ថ្ងៃ ដែលប្រទេសអេស្ប៉ាញបានទទួលរងក្នុងខែសីហា គឺជា «កម្រិតក្ដៅខ្លាំងបំផុតក្នុងកំណត់ត្រា»។
ទីភ្នាក់ងារនេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ទិន្នន័យបណ្តោះអាសន្ន សម្រាប់រលកកម្ដៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែសីហា បានលើសពីកំណត់ត្រាចុងក្រោយដែលបានកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២២ ហើយបានបង្ហាញពីសីតុណ្ហភាពជាមធ្យម ៤,៦អង្សាសេ ដែលមានកម្រិតខ្ពស់ជាងបាតុភូតបែបនេះកាលពីពេលមុន។
រលកកម្ដៅខែសីហា បានធ្វើឲ្យស្ថានភាពដ៏គ្រោះថ្នាក់នៅប្រទេសអេស្ប៉ាញកាន់តែអាក្រក់ឡើងៗ ដែលបង្កឲ្យមានចំហេះព្រៃបន្តឆបឆេះរាលដាលផ្នែកខ្លះនៃភាគខាងជើង និងខាងលិចនៃប្រទេស។
យោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី២៤ ខែសីហា) ដោយវិទ្យាស្ថានសុខភាព Carlos III បានឲ្យដឹងថា ការស្លាប់ច្រើនជាង ១,១០០ករណី នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានផ្សារភ្ជាប់ទៅនឹងរលកកម្ដៅ។

ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមកត់ត្រា ក្នុងឆ្នាំ១៩៧៥ Aemet បានចុះបញ្ជីរលកកម្ដៅចំនួន ៧៧ដង នៅក្នុងប្រទេសអេស្ប៉ាញ ដោយ ៦លើក ក្នុងចំណោមចំនួននោះ ឡើង ៤អង្សាសេ ឬលើសពីមធ្យមភាគ ដោយ ៥ដង ក្នុងចំណោមនោះមានចាប់តាំងពីឆ្នាំ២០១៩។ អ្នកវិទ្យាសាស្ត្រលើកឡើងថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញឲ្យមានរលកកម្ដៅកាន់តែយូរ កាន់តែខ្លាំង និងញឹកញាប់ជាងមុននៅទូទាំងពិភពលោក។
Aemet បានបន្ថែមថា រយៈពេល ១០ថ្ងៃ អំឡុងរលកកម្ដៅចុងក្រោយដែលគ្របដណ្តប់ថ្ងៃទី៨ និងទី១៧ ខែសីហា គឺជារយៈពេល ១០ថ្ងៃជាប់គ្នាដែលមានសីតុណ្ហភាពក្តៅបំផុតត្រូវបានកត់ត្រា នៅក្នុងប្រទេសអេស្ប៉ាញ «ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ១៩៥០»៕
