នគរបាលបានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារជំរុំកងកម្លាំងសន្តិសុខមួយកន្លែង នៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ ដោយបានបង្កឲ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើងអស់រយៈពេលជាច្រើនម៉ោង ដែលបានបណ្តាលឲ្យមន្ត្រីយ៉ាងហោចណាស់ ៣នាក់ និងជនវាយប្រហារម្នាក់ស្លាប់។

ហើយបើយោងតាមមន្ត្រីនគរបាលក្នុងតំបន់ លោក Nazar Mohammad បានឲ្យដឹងថា បុគ្គលិកសន្តិសុខចំនួន ១៧នាក់ បានរងរបួស អំឡុងការវាយប្រហា នៅ Hangu ជាតំបន់មួយនៅក្នុងខេត្ត Khyber Pakhtunkhwa។ លោកបានបន្ថែមថា កងកម្លាំងសន្តិសុខបានឆ្លើយតបយ៉ាងឆាប់រហ័ស និងបើកប្រតិបត្តិការរុករកនៅតំបន់ភ្នំក្បែរនោះ ដើម្បីតាមរកអ្នកវាយប្រហារដែលបានរត់គេចខ្លួន។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi បានគោរពវិញ្ញាណក្ខន្ធមន្ត្រីដែលត្រូវបានសម្លាប់ទាំងនោះ តាមរយៈសេចក្តីថ្លែងការណ៍មួយ និងបានបញ្ជាឲ្យអាជ្ញាធរផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្រ្តយ៉ាងល្អបំផុតដែលអាចធ្វើទៅបាន សម្រាប់អ្នករងរបួស។
ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែការសង្ស័យទំនងជាមានទៅលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថា Tehreek-e-Taliban Pakistan ឬ TTP។ ទោះបីជាក្រុមនេះគឺដាច់ដោយឡែកពីក្រុមតាលីបង់អាហ្វហ្គានីស្ថានក៏ដោយ ក៏ TTP ជាសម្ព័ន្ធមិត្តជាមួយក្រុមនោះ ហើយយុទ្ធជន និងមេដឹកនាំរបស់ក្រុមនេះ បានលាក់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
