ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម បានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារសំខាន់សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀតណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករានេះ បានមានជំនួបពិភាក្សាជាមួយឯកឧត្ដម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលក្នុងជំនួបនេះ ឯកឧត្ដម ប៊ូយ ថាញ់សឺន បានបញ្ជាក់ថា វៀតណាម បានគាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ ម៉ា ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងទទួលបានជោគជ័យដ៏ប្រសើរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
ឯកឧត្ដម បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅមីយ៉ាន់ម៉ា ដើម្បីរក្សាសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់សម្រាប់អាស៊ានទាំងមូល»។
កិច្ចប្រឹងប្រែងរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែនេះ ពិតជាមាតម្លៃខ្ពស់ និងសារសំខាន់ណាស់ ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលត្រូវរក្សាឱ្យបាន»។
ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងថែមទៀតថា សម្តេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានថា កម្ពុជា បានខិតខំជំរុញការងារជាច្រើន ហើយដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ។ បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើនមិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ មីយ៉ាន់ម៉ា នៅតែជួយហើយការងារផ្សេងទៀត ក៏ត្រូវតែដោះស្រាយដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា មកកាន់វេទិកាអាស៊ាន ជាដើម។ តបតាមសំណើរបស់កម្ពុជា មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារបទឈប់បាញ់ ជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។
មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់ភាគីទាំងអស់។លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថាជាជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រទេសជាច្រើនបានគាំទ្រលទ្ធផលនេះ៕ អត្ថបទ៖ មុត សុទ្ធ