ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ឈុតឆ្នាំង ចាន វែកបាយ វែកសម្លរ និងស្លាបព្រា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សិលារាម និងវត្តកំពង់សង្កែ ស្ថិតក្នុងខេត្តព្រះវិហារ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងថា អំណោយចានឆ្នាំងនេះ មិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជានិមិត្តរូបនៃក្ដីសង្ឃឹម និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ព្រមទាំងបានបង្ហាញពីការគិតគូរយ៉ាងម៉ត់ចត់លើតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ក្នុងគ្រាអាសន្ន៕









