ទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍ ដោយដកស្រង់ទិន្នន័យពីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ដែលបានចេញផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងនេះលោក Lars Klingbeil ទៅកាន់ទីក្រុងគីវថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ អាល្លឺម៉ង់ បានផ្តល់ថវិកាសរុបចំនួន ៥០,៥ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន
ក្នុងចំណោមទឹកប្រាក់នេះ ប្រហែល ២៥ ពាន់លានអឺរ៉ូ ត្រូវបានចំណាយលើការទទួល និងស្នាក់នៅជនភៀសខ្លួនអ៊ុយក្រែន ១៧ ពាន់លានអឺរ៉ូលើការផ្គត់ផ្គង់អាវុធ និងការហ្វឹកហ្វឺនកងទ័ព ៦,៧ពាន់លានអឺរ៉ូលើជំនួយស៊ីវិល និង១,៩ ពាន់លានអឺរ៉ូ លើការគាំទ្រថវិកាផ្ទាល់។

យោងតាមផែនការហិរញ្ញវត្ថុ អាល្លឺម៉ង់មានបំណងបន្តផ្តល់ជំនួយយោធាទ្វេភាគីជាង ៨ ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៧ ។
កាលពីថ្ងៃចន្ទ អនុអធិការបតី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lars Klingbeil បានទៅដល់ទីក្រុងគីវ ក្នុងដំណើរទស្សនៈកិច្ច ដែលមិនបានជូនដំណឹង ជាកន្លែងដែលលោកគ្រោងនឹងជួបជាមួយមន្ត្រី រដ្ឋាភិបាល សមាជិកសភា និងតំណាងសង្គមស៊ីវិល។
