នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានស្វាគមន៍ចំពោះ «ការសម្រេចចិត្តភ្លាមៗ» របស់គណៈរដ្ឋមន្ត្រីលីបង់ នៅដើមខែនេះ ដើម្បីធ្វើការឆ្ពោះទៅរកការរំសាយអាវុធរបស់ក្រុមហេសបូឡា នៅចុងឆ្នាំ ២០២៥ ហើយវាអាចនាំឲ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីប្រទេសនេះ។
លោកបាននិយាយថា ប្រសិនបើលីបង់ចាត់វិធានការចាំបាច់ ដើម្បីដកអាវុធពីក្រុមហេសបូឡា នោះអ៊ីស្រាអែល នឹងឆ្លើយតបជាមួយនឹងវិធានការទៅវិញទៅមក រួមទាំងការកាត់បន្ថយជាដំណាក់កាលនៃវត្តមានយោធាអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។

ចាប់តាំងពីសង្រ្គាមអ៊ីស្រាអ៊ែល-ហេសបូឡា បានបញ្ចប់ក្នុងខែវិច្ឆិកា ជាមួយនឹងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក មន្ត្រីរបស់ក្រុមហេសបូឡា បាននិយាយថា ក្រុមនេះ នឹងមិនពិភាក្សាអំពីការរំសាយអាវុធរបស់ខ្លួនឡើយ លុះត្រាតែអ៊ីស្រាអែលដកខ្លួនចេញពីភ្នំចំនួន ៥ ដែលខ្លួនគ្រប់គ្រង នៅក្នុងប្រទេសលីបង់ ហើយបញ្ឈប់ការវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃ ដែលបានសម្លាប់ ឬរបួសមនុស្សរាប់រយនាក់ ដែលភាគច្រើនជាសមាជិកក្រុមហេសបូឡា។
ទីក្រុងបេរូត កំពុងរងសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីរំសាយអាវុធក្រុមដែលទើបធ្វើសង្គ្រាមរយៈពេល ១៤ខែ ជាមួយអ៊ីស្រាអែល ហើយបានចុះខ្សោយយ៉ាងខ្លាំង ដោយសារមេដឹកនាំនយោបាយ និងយោធាជាច្រើននាក់ ត្រូវបានសម្លាប់។
