ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) បាននិយាយថា ស្ថានភាព នៅតំបន់ហ្កាហ្សា គឺជាមហន្តរាយមនុស្សធម៌ ដែលស្មើនឹងការបរាជ័យរបស់មនុស្សជាតិ ហើយថា សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ រំលោភលើច្បាប់អន្តរជាតិ។
អ្នកឃ្លាំមើលភាពអត់ឃ្លានសកល បានលើកឡើងកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា ទីក្រុងហ្កាហ្សា និងតំបន់ជុំវិញនោះ កំពុងជួបប្រទះគ្រោះទុរ្ភិក្សដែលទំនងជានឹងរីករាលដាល។ អ៊ីស្រាអែលបានច្រានចោលការវាយតម្លៃនេះ ហើយនិយាយថា របាយការណ៍នោះមិនអើពើនឹងវិធានការដែលខ្លួនបានធ្វើតាំងពីចុងខែកក្កដាមក ដើម្បីបង្កើនជំនួយឡើយ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា មនុស្ស ៣នាក់ទៀតបានបាត់បង់ជីវិតដោយសារកង្វះអាហារូបត្ថម្ភ និងការអត់ឃ្លាននៅក្នុងដែនដីនេះដែលនាំឲ្យការស្លាប់ដោយសារមូលហេតុបែបនេះឡើងដល់ ២៨៩នាក់ ក្នុងនោះរួមមានទាំងកុមារ ១១៥នាក់ គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមផ្ទុះឡើង។ អ៊ីស្រាអែលជំទាស់នឹងតួលេខអ្នកស្លាប់របស់ក្រសួងសុខាភិបាលក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
សង្គ្រាមនេះបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស បានសម្រុកចូលភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ជាចំណាប់ថ្នូរ ២៥១នាក់។
ហើយបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា ការវាយលុកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ចាប់តាំងពីពេលនោះមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦២.០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល បានបំផ្លិចបំផ្លាញដែនដីនេះដោយភាគច្រើន និងនាំឲ្យមានការផ្លាស់ទីលំនៅខាងក្នុងដែនដីនេះស្ទើរតែទាំងអស់នៃចំនួនប្រជាជនទាំងមូល៕