សាក្សីបានប្រាប់ឲ្យដឹងថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋសភារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះ ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ការផ្ដល់ប្រាក់ខែច្រើនហួសហេតុ និងអត្ថប្រយោជន៍ផ្សេងទៀតដល់សមាជិកសភា។
បាតុករខ្លះដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បានគប់ដុំថ្ម និងដុតកាំជ្រួចភ្ញីគ្រវែងដាក់នគរបាលកុបកម្ម ក្នុងរដ្ឋធានីហ្សាការតា។ យ៉ាងហោចណាស់ ម៉ូតូ ១គ្រឿង ត្រូវបានក្រុមអ្នកតវ៉ាដុតបំផ្លាញ ប៉ុន្តែមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិត អំពីការខូចខាត ការរងរបួស ឬការចាប់ខ្លួនណាមួយឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Gejayan Memanggil ជាក្រុមមួយ ក្នុងចំណោមក្រុមដែលរៀបចំការតវ៉ាបង្កើតឡើងដោយនិស្សិតនៅក្នុងខេត្ត Yogyakarta បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានដើរដង្ហែតាមដងផ្លូវ ជុំវិញអគាររដ្ឋសភាដោយអំពាវនាវឲ្យមានការកាត់ប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ។
ក្នុងខែនេះ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សមាជិកសភា ទទួលបានប្រាក់ខែលើសពី ១០០លានរូពី (៦.១៥០ដុល្លារ) ក្នុង ១ខែ ដោយរួមមានទាំងប្រាក់ឧបត្ថម្ភលំនៅឋានដ៏ច្រើនផងដែរ។
បើទោះបីជាឥណ្ឌូនេស៊ី គឺជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតជាងគេរបស់តំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏ការផ្ដល់ប្រាក់នោះ គឺលើសពីប្រាក់ចំណូលជាមធ្យម នៅក្នុងប្រទេសប្រជុំកោះនេះ ដែលមានចំនួន ៣,១លានរូពី។ នៅក្នុងឯកសារយោងជាក់ស្តែង ចំពោះការកើនឡើងនូវតួនាទីរបស់យោធា នៅក្នុងជីវិតស៊ីវិល ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ដែលជាអតីតឧត្តមសេនីយ៍ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមបាតុករក៏បានតវ៉ាផងដែរប្រឆាំងនឹងអ្វីដែលពួកគេហៅថា គោលនយោបាយមិនត្រឹមត្រូវដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន និងយោធា៕