ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃចន្ទ (ទី២៥ ខែសីហា) នេះថា ជនអន្តោប្រវេសន៍ចំនួនខ្ពស់បំផុត ២៨.០៧៦នាក់ បានឆ្លងកាត់ផ្លូវទឹកទៅកាន់ប្រទេសអង់គ្លេសដោយទូកតូចៗ នៅឆ្នាំនេះ ជាការឡើង ៤៦ភាគរយ ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ដោយបានដាក់សម្ពាធលើនាយករដ្ឋមន្ត្រី លោក Keir Starmer ជុំវិញការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍។
ការកើនឡើងយ៉ាងខ្លាំងនេះ បានកើតឡើងចំពេលមានក្ដីបារម្ភជាសាធារណៈកាន់តែខ្លាំងឡើងៗ ជុំវិញបញ្ហាទេសន្តរប្រវេសន៍ ដែលកំពុងក្លាយជាកង្វល់ចម្បងរបស់សាធារណជន ដោយការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ នៅតែបន្តមាននៅខាងក្រៅសណ្ឋាគារ ដែលអ្នកស្វែងរកសិទ្ធិជ្រកកោនស្នាក់នៅ។
ទិន្នន័យបានបង្ហាញថា កំណត់ត្រានេះត្រូវបានឡើងដល់កាលពីថ្ងៃអាទិត្យចុងសបប្ដាហ៍កន្លងមក បន្ទាប់ពីជនអន្តោប្រវេសន៍ចំនួន ២១២នាក់ បានទៅដល់តាមទូកចំនួន ៤ផ្សេងគ្នា នៅថ្ងៃនោះ។ ក្រសួងមហាផ្ទៃ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ជុំវិញសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងទិន្នន័យនេះ៕
រដ្ឋាភិបាលនៃគណបក្សការងាររបស់លោក Starmer បានសន្យាថា នឹងឈប់ប្រើប្រាស់សណ្ឋាគារផ្ដល់ស្នាក់នៅរបស់អ្នកសុំសិទ្ធជ្រកកោននៅឆ្នាំ២០២៩ និងកែលម្អប្រព័ន្ធសុំសិទ្ធិជ្រកកោន។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានប្រកាសពីកំណែទម្រង់ ដើម្បីពន្លឿនការស្នើសុំសិទ្ធិជ្រកកោន និងកាត់បន្ថយការរង់ចាំជាង ១០០.០០០ករណី៕