នៅថ្ងៃចន្ទនេះ ក្រុមសារព័ត៌មានគ្មានព្រំដែន(RSF) បានជំរុញឲ្យមានការឆ្លើយតបអន្តរជាតិដ៏ខ្លាំងក្លា ក្រោយអ្នកសារព័ត៌មាន ៥នាក់ ស្ថិតក្នុងចំណោមនុស្ស ២០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា ។
ការវាយប្រហារដែលក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថាបានសម្លាប់មនុស្សយ៉ាងហោច ២០នាក់នោះ រួមមានទាំងកាមេរ៉ាមែន Hussam al-Masri ដែលជាបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងបានស្លាប់នៅក្នុងការវាយប្រហារដំបូងគេ ។
អ្នកថតរូប Hatem Khaled ដែលជាប់កិច្ចសន្យាជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រដែរនោះ បានរងរបួសនៅក្នុងការវាយប្រហារបន្ទាប់ នៅលើទីតាំងតែមួយ ។
យោធាអ៊ីស្រាអែល និងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ទាក់ទងនឹងការវាយប្រហារនេះ ។
ក្រុមសាក្សីបាននិយាយថា ការវាយប្រហារលើកទី២ បានកើតមានឡើង បន្ទាប់ពីក្រុមជួយសង្គ្រោះ អ្នកសារព័ត៌មាន និងមនុស្សផ្សេងទៀត បានប្រញាប់ប្រញាល់ទៅកាន់កន្លែងរងការវាយប្រហារដំបូង ។
រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញលោក Masri ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង នៅពេលមានការវាយប្រហារដំបូង ។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានប៉ាឡេស្ទីនជាង ២៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ៕