អ៊ុយក្រែន៖ ការដឹកជញ្ជូនសព្វាវុធប្រឆាំងរថក្រោះពីចក្រភពអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ខណៈបណ្ដាប្រទេសលោកខាងលិចបានសន្យាគាំទ្រផ្នែកយោធាដល់ប្រទេសនេះ ក្នុងពេលមានការកើនឡើងនៃការព្រួយបារម្ភពីជម្លោះជាមួយប្រទេសរុស្ស៊ី។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Anatoliy Petrenko បាននិយាយថា ប្រព័ន្ធការពារមីស៊ីលនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងការពារ។ ប្រទេសរុស្ស៊ីបានពង្រាយកងទ័ពប្រមាណ ១០ម៉ឺននាក់នៅជិតព្រំដែនរួម ជាអ្វីដែលប្រទេសលោកខាងលិចព្រួយបារម្ភថា អាចនឹងមានការឈ្លានពាន។ ទីក្រុងម៉ូស្គូបានបដិសេធថា ខ្លួនគ្មានបំណងវាយប្រហារប្រទេសជិតខាងរបស់ខ្លួននោះទេ ប៉ុន្តែបានទាមទារការធានាពីប្រទេសលោកខាងលិចថា អង្គការ NATO នឹងមិនពង្រីកខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ឬប្រទេសអតីតសហភាពសូវៀតផ្សេងទៀត ឬដាក់កងទ័ព និងសព្វាវុធរបស់ខ្លួននៅទីនោះឡើយ៕
អត្ថបទ៖ ប៊ុនថន