ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ២៥ សីហា ថា អាចមានផលវិបាកធ្ងន់ធ្ងរប្រសិន បើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មិនជួបគ្នា។

លោក ពុំបានបញ្ជាក់ពីការព្រមានបែបណានោះទេ យ៉ាងណាលោកធ្លាប់បានគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើបណ្ដាប្រទេសដែលទិញថាមពលពីរុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung លោក Trump បាននិយាយថាមេដឹកនាំទាំងពីរ គួរតែជួបគ្នា ហើយលោកនឹងមើលឃើញអ្វីដែលនឹងកើតឡើង ក្នុងរយៈពេលមួយឬពីរសប្តាហ៍ទៅមុខ មុនពេលស្ថានភាពធ្ងន់ធ្ងរជាងនេះ។
លោក Trump បាននិយាយថា ជម្លោះអ៊ុយក្រែនពិបាកដោះស្រាយជាងអ្វីដែលលោកបានជឿពីមុនមក មួយផ្នែកដោយសារតែ ការមិនចូលចិត្តគ្នាខ្លាំង រវាងលោក Putin និងលោក Zelenskyy ។
លោក Trump បាននិយាយថា លោកជឿថា ពួកលោកនឹងធ្វើឱ្យសង្រ្គាមនោះ មានភាពភាពធូរស្រាល ពួកលោកនឹងធ្វើឱ្យសង្គ្រាមនោះចប់សព្វគ្រប់។ លោកមិនដឹងថា ពួកគេនឹងជួបគ្នាឬអត់ទេ។ អាចថា ពួកគេនឹងមិនព្រមជួបគ្នា។ ពួកគេចង់ឱ្យលោកចូលរួមកិច្ចប្រជុំជាមួយគ្នា។
មួយសប្តាហ៍បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំអឺរ៉ុបនៅសេតវិមាន លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកមិនប្រាកដថាតើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី ដែលសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាជាជំហានបន្ទាប់ចាំបាច់ក្នុងការចរចាបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ឬអត់នោះទេ៕

