ភ្នំពេញ៖ ប្រជាពលរដ្ឋ និងក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានបន្តសម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ និងទី៤នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនកងការពារទប់ទល់នឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
ស្ថិតក្នុងបរិបទនៃការបន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ពិសេសមេរោគបំប្លែង ខ្លួនថ្មីអូមីក្រុងក្រុមអាទិភាព និងពលរដ្ឋទូទៅ រស់នៅក្នុងរាជធានីភ្នំពេញ បានរួសរាន់សម្រុកទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ដើម្បីទប់ទល់នឹងការឆ្លងជំងឺនេះ។
ការសម្រុកទៅចាក់វ៉ាក់សាំងនេះ ដោយសារពួកគេ បានយល់ដឹងថា វានឹងជួយបង្កើនភាពស៊ាំក្នុងខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
ពួកគេ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ខណៈពួកគេសន្យានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩នេះដែរ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែមករានេះ ពលរដ្ឋអាយុ១៨ឆ្នាំឡើង រស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងដូសទី៣ មានជាង ១លាននាក់ និងក្រុមអាទិភាពជួរមុខ បានទទួលការចាក់វ៉ាក់សាំងដូសទី៤ មានជាង១សែននាក់។
បច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង៤៣លានដូស រាប់បញ្ចូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។
រាជរដ្ឋាភិបាលបានចាត់ទុកការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕ អត្ថបទ៖ទូច សោភ័ណ