អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៥ សីហា) បានឱ្យសញ្ញាថា ខ្លួននឹងកាត់បន្ថយវត្តមានយោធានៅភាគខាងត្បូងប្រទេសលីបង់ ប្រសិនបើកងកម្លាំងប្រដាប់អាវុធលីបង់នានាព្រមតាមលក្ខខណ្ឌក្នុងការចាត់វិធានការរំសាយអាវុធពីក្រុមសកម្មប្រយុទ្ធហេសបូឡា និកាយស៊ីអ៊ីត ខណៈក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានអះអាងជាថ្មីពីការបដិសេធយ៉ាងដាច់ខាតរបស់ ដោយមិនព្រមទម្លាក់អាវុធនោះឡើយ។

ការប្រកាសពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ បានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានជួបជាមួយប្រេសិតអាមេរិក លោក Tom Barrack ដែលកំពុងធ្វើការលើផែនការដកហូតអាវុធពីក្រុមហេសបូឡា និងដកកងកម្លាំងអ៊ីស្រាអែល ចេញពីលីបង់។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា "ប្រសិនបើកងកម្លាំងប្រដាប់អាវុធលីបង់ចាត់វិធានការចាំបាច់ដើម្បីអនុវត្តការរំសាយអាវុធរបស់ពួកហេសបូឡា នោះអ៊ីស្រាអែលនឹងចូលរួមក្នុងវិធានការទៅមកដូចគ្នានេះ រួមទាំងការកាត់បន្ថយវត្តមានជាដំណាក់កាល" ដោយយោធាអ៊ីស្រាអែលជាដើម។ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ច្បាស់លាស់ទេ ថាតើកងកម្លាំងអ៊ីស្រាអែល នឹងដកខ្លួនទាំងស្រុងចេញពីទីតាំងទាំង៥ ដែលពួកគេកាន់កាប់នៅលីបង់ ឬយ៉ាងណាឡើយ។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡា លោក Mahmoud Komati កាលពីថ្ងៃចន្ទ បានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវសំណើរបស់អ៊ីស្រាអែល ដោយប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡា ប្រឆាំងនឹង "កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយសត្រូវជ្វីហ្វនិយម ឬការឃុបឃិតប្រឆាំងនឹងប្រជាជនលីបង់ និងចលនាតស៊ូរបស់ខ្លួន"៕

