ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារ (២៦ សីហា) នេះថា ទីក្រុងព្យុងយ៉ាង បានរិះគន់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា ការហ្វឹកហ្វឺនយោធានេះបង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការ "កាន់កាប់" ឧបទ្វីបកូរ៉េ និងដាក់គោលដៅទៅលើប្រទេសជាសត្រូវក្នុងតំបន់។ ការរិះគន់នេះកើតឡើងស្របពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដកស្រង់សម្តីលោក Kim Yong Bok អនុប្រធានទី១ នៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើងថា "ប្រសិនបើពួកគេបន្តការហាត់សមយោធា នោះពួកគេប្រាកដជាប្រឈមនឹងស្ថានភាពមិនល្អ ហើយត្រូវបង់តម្លៃតបស្នងដ៏ខ្ពស់"។ ឧត្តមសេនីយកងទ័ពកូរ៉េខាងជើងរូបនេះ មិនបាននិយាយពីជំនួបកំពូលរវាងលោក Lee និងលោក Trump នោះទេ។
ការរិះគន់នេះក៏កើតឡើងបន្ទាប់ពីលោក Trump ប្រាប់លោក Lee នៅសេតវិមានកាលពីថ្ងៃចន្ទថា រូបលោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងឆ្នាំនេះ ហើយចំណែកឯលោក Lee វិញក៏បានស្នើឱ្យមានជំនួបបែបនេះនៅចុងឆ្នាំ ប្រសិនបើលោក Trump ទៅកាន់កូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំវេទិកាថ្នាក់តំបន់។
កូរ៉េខាងត្បូង និងអាមេរិក បើកសមយុទ្ធយោធារួមប្រចាំឆ្នាំឈ្មោះថា សមយុទ្ធខែលការពារសេរីភាព Ulchi រយៈពេល ១១ថ្ងៃរហូតដល់ថ្ងៃទី២៨ សីហា ខាងមុខ។ កូរ៉េខាងជើង តែងរិះគន់សមយុទ្ធរួមរបស់សម្ព័ន្ធមិត្តទាំងពីរជាយូរមកហើយ ថាជាការហាត់សមសម្រាប់ការឈ្លានពានប្រឆាំងនឹងខ្លួន ហើយក៏តែងធ្វើការសាកល្បងអាវុធជាការឆ្លើយតប៕

