រដ្ឋាភិបាលសំឡេងភាគតិចរបស់បារាំង កំពុងតែជួបហានិភ័យនៃការបណ្តេញចេញពីតំណែងនៅខែក្រោយនេះ បន្ទាប់ពីគណបក្សប្រឆាំងធំៗចំនួន៣ បាននិយាយថា ពួកគេនឹងមិនគាំទ្រការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដែលលោកនាយករដ្ឋមន្រ្តីបារាំង Francois Bayrou បានប្រកាសសម្រាប់ថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះទេ ជុំវិញផែនការកាត់បន្ថយថវិកាជាតិរបស់លោក។

បក្សប្រឆាំងធំៗដូចជា គណបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុល, ក្រុមគណបក្សបៃតង (Greens) និងក្រុមសង្គមនិយម -- ដែលជោគវាសនានយោបាយរបស់លោក Bayrou ពឹងផ្អែកយ៉ាងខ្លាំងលើសំឡេងឆ្នោតអ្នកទាំងនេះ -- បាននិយាយថា ពួកគេមើលមិនឃើញថាអាចគាំទ្រលោក Bayrou បានដោយរបៀបណាឡើយ។ គួរឱ្យដឹងថា ប្រសិនបើលោក Bayrou បាត់បង់សំឡេងឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងរដ្ឋសភា នោះរដ្ឋាភិបាលរបស់លោកនឹងត្រូវធ្លាក់ពីអំណាច។
លោក Bayrou ផ្ទាល់ក៏បានទទួលស្គាល់ថា ការស្វែងរកសំឡេងឆ្នោតសេចក្ដីទុកចិត្តពីសភាដ៏បែកបាក់យ៉ាងខ្លាំងនេះ គឺជាការភ្នាល់ដ៏ប្រថុយប្រថានមួយ។ ប្រសិនបើរដ្ឋាភិបាលនេះដួលរលំពិតមែន នោះលោកប្រធានាធិបតីបារាំង Emmanuel Macron អាចដាក់ឈ្មោះនាយករដ្ឋមន្ត្រីថ្មីភ្លាមៗ ឬស្នើឱ្យលោក Bayrou បន្តធ្វើជាប្រមុខរដ្ឋាភិបាលចាំផ្ទះ ឬក៏អាចអំពាវនាវឱ្យបោះឆ្នោតមុនអាណត្តិ។
លោក Macron បានបាត់បង់នាយករដ្ឋមន្ត្រីចុងក្រោយ គឺលោក Michel Barnier ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តបែបនេះ ជុំវិញថវិកាជាតិដ៏ចម្រូងចម្រាសនៅចុងឆ្នាំ២០២៤ បន្ទាប់ពីបានកាន់តំណែងត្រឹមតែ ៣ខែ ក្រោយការបោះឆ្នោតមុនអាណត្តិមួយផ្សេងទៀត ក្នុងខែកក្កដា ឆ្នាំដដែលនោះ៕

