លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២៥ សីហា) ថា លោកមិនបានពិភាក្សាពីការធានាសន្តិសុខជាក់លាក់សម្រាប់អ៊ុយក្រែន នៅឡើយទេ ប៉ុន្តែបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រប្រទេសនេះ។ លទ្ធភាពនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន តំណាងឱ្យឧបសគ្គដ៏សំខាន់មួយក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។

ក្រុមមន្ត្រីបាននិយាយថា ប្រមុខយោធាមកពីអាមេរិក និងប្រទេសអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានបើកបង្ហាញជម្រើសមួយចំនួនដល់ទីប្រឹក្សាសន្តិសុខជាតិរបស់ពួកគេរៀងៗខ្លួនសម្រាប់ការធានាសន្តិសុខដល់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ ក៏បាននិយាយថា ក្រុមរៀបចំផែនការរបស់អាមេរិក និងអឺរ៉ុប បានបង្កើតជម្រើសយោធាសម្រាប់យកទៅ "ពិចារណាយ៉ាងសមស្រប" ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ។
ជាមួយគ្នានេះ លោក Trump ក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៥ ខែសីហា របស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការកំណត់ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសទាំងពីរ នៅពេលដែលវិបត្តិអ៊ុយក្រែន ត្រូវបានដោះស្រាយរួច។
នៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថាតើហេតុអ្វីបានជាលោក Putin ហាក់ដូចជាស្ទាក់ស្ទើរក្នុងការជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy លោក Trump បានឆ្លើយតបថា "ដោយសារតែលោក Putin មិនចូលចិត្តលោក Zelenskiy នោះទេ"៕

