អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងការខឹងសម្បារចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំនួនពីរលើក លើមន្ទីរពេទ្យ Nasser នៅភាគខាងត្បូងហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ (២៥ សីហា) ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗ និងមិនលំអៀង លើការវាយប្រហារដ៏បង្ហូរឈាម ដែលសម្លាប់មនុស្សជាង ២០នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាល ៤នាក់ និងអ្នកកាសែត ៥នាក់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្លាប់ដ៏គួរឱ្យរន្ធត់ចុងក្រោយនេះ បង្ហាញពីហានិភ័យខ្លាំងដែលបុគ្គលិកពេទ្យ និងអ្នកសារព័ត៌មានប្រឈមមុខ នៅពេលពួកគេបំពេញការងារដ៏សំខាន់ ស្របពេលជម្លោះដ៏ឃោរឃៅបែបនេះ"។
ជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារពិភពលោកផ្សេងទៀត បានបន្តការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិ បានកត់សម្គាល់ថ្មីៗនេះថា អ្នកកាសែតជាង ២៤០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិត ២ឆ្នាំមុនមក បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែល។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយពីនោះ ដោយនិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល "សោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុដ៏សោកនាដកម្ម" ដែលបានកើតឡើងនៅលើមន្ទីរពេទ្យ Nasser របស់ដែនដីហ្កាហ្សានេះ៕

