ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរចន្លោះពី១០ ទៅ២០គ្រាប់ក្នុងមួយឆ្នាំ ខណៈលោកអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង ។

ការលើកឡើងរបស់លោក Lee ធ្វើឡើងក្នុងអំឡុងជំនួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន និងបន្ទាប់ពី លោក Trump និយាយថា លោកសង្ឃឹមថា នឹងជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ម្ដងទៀត។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥០ គ្រាប់ ហើយមានវត្ថុធាតុដើមគ្រប់គ្រាន់ដើម្បីផលិតរហូតដល់ ជាង៤០គ្រាប់ បន្ថែមទៀត។
លោក Lee បាននិយាយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា មីស៊ីល អន្តរទ្វីបICBM ដែលមានសមត្ថភាពបាញ់ទៅដល់សហរដ្ឋអាមេរិកត្រូវបានផលិតរួចរាល់ស្ទើរតែទាំងស្រុង ហើយកូរ៉េខាងជើងកំពុងបន្តកសាងសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរប្រមាណពី ១០ ទៅ ២០ គ្រាប់ក្នុងមួយឆ្នាំ។
ដោយសំដៅលើគោលនយោបាយតឹងតែងរបស់អ្នកកាន់តំណែងមុន និងកង្វះផ្នែកការទូតជាមួយកូរ៉េខាងជើង លោក Lee បាននិយាយថា យើងបានខិតខំប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើង និងអនុវត្តទណ្ឌកម្ម ប៉ុន្តែលទ្ធផលគឺកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

