ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា អំពីការដាក់ពង្រាយទាហាន ១៥.០០០នាក់ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកូឡុំប៊ី ដើម្បីពង្រឹងសន្តិសុខ និងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello បាននិយាយថា ប្រតិបត្តិការនេះនឹងផ្តោតទៅលើរដ្ឋ Zulia និងរដ្ឋ Tachira ដោយប្រើប្រាស់យានដ្រូន ទូក យន្តហោះ និងយានយន្តផ្សេងទៀត ដើម្បីល្បាតនៅតំបន់ព្រំដែន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ពង្រាយនេះ មានគោលបំណងពង្រឹងសន្តិសុខនៅតាមតំបន់ព្រំដែន និងទប់ស្កាត់លំហូរគ្រឿងញៀន។
ការប្រកាសនេះ ធ្វើឡើងក្នុងពេលមានវត្តមាននាវាពិឃាតរបស់សហរដ្ឋអាមេរិកនៅតំបន់ការ៉ាអ៊ីបភាគខាងត្បូង ជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងក្រុមជួញដូរគ្រឿងញៀននៅទូទាំងអាមេរិកឡាទីន។ លោក Cabello បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសកូឡុំប៊ី ធានានៅផ្នែករបស់ខ្លួននៃច្រកឆ្លងកាត់ព្រំដែន ក្នុងការឆ្លើយតបទៅនឹងការដាក់ពង្រាយយោធារបស់ប្រទេសវេណេស៊ុយអេឡា។