ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកកំពុងពិចារណាផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ត្រឡប់ទៅអតីតឈ្មោះរបស់ខ្លួនវិញ គឺក្រសួងសង្គ្រាម។ លោកបានថ្លែងបែបនេះនៅពេលចាប់ផ្តើមជំនួបកំពូលជាមួយប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Lee Jae-myung កាលពីថ្ងៃចន្ទ។

លោក Trump បាននិយាយថា ក្រសួងការពារជាតិត្រូវបានគេហៅថាក្រសួងសង្គ្រាម នៅពេលដែលសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ។ លោកប្រធានាធិបតីបាននិយាយថា «ចំពោះខ្ញុំ នោះពិតជាអ្វីដែលវាមានឈ្មោះបែបនេះ» ដោយសង្កត់ធ្ងន់ថា «ការការពារគឺជាផ្នែកនៃរឿងនោះ» ។
លោកបាននិយាយបន្ថែមថា «ខ្ញុំកំពុងនិយាយទៅកាន់ប្រជាជន។ មនុស្សគ្រប់គ្នាពេញចិត្តបែបនោះ»។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកនិយាយថា ការប្តូរឈ្មោះណាមួយសម្រាប់មន្ទីរបញ្ចកោណ ទំនងជាត្រូវការការអនុម័តពីសភា។
