នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងកាលពីថ្ងៃចន្ទ (២៥ សីហា) លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានលើកសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ថាជាអ្នកបង្កើតសន្តិភាពក្នុងពិភពលោក ហើយបាននិយាយថា លោកសង្ឃឹមថានឹងពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងនាវា និងវិស័យផលិតកម្មផ្សេងទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ។

ជាមួយគ្នានេះ ប្រធានាធិបតីទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃចន្ទថា អាមេរិក-កូរ៉េខាងត្បូង នឹងធ្វើការឆ្ពោះទៅរកសន្តិភាពជាមួយកូរ៉េខាងជើង ដោយលោក Trump ក៏បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងឆ្នាំនេះ។
ដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំរវាងលោក Trump-Kim លោក Lee បាននិយាយនៅសេតវិមានថា ប្រធានាធិបតីអាមេរិករូបនេះគឺជាបុគ្គលតែម្នាក់គត់ ដែលអាចដឹកនាំនៅក្នុង "យុគសម័យថ្មីនៃសន្តិភាព" នៅលើឧបទ្វីបកូរ៉េ ដែលបែកបាក់បាន។
ជាការឆ្លើយតបលោក Trump បាននិយាយថា "រូបលោកនឹងធ្វើបែបនោះ ហើយនឹងមានការពិភាក្សា" ដោយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើង។ ទាក់ទងនឹងពេលវេលានៃលទ្ធភាពកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងនោះ លោក Trump បាននិយាយថា លោកទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលមួយ "នៅពេលអនាគតដ៏សមស្រប អាចនៅក្នុងឆ្នាំនេះ"៕

