
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះប្រតិបត្តិការទ្រង់ទ្រាយធំ នៅតំបន់ស្មុគស្មាញ ភូមិចាម ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតំបន់ភូមិចាម មូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញចុះក្នុងរង្វង់ប្រតិបត្តិការបានឲ្យដឹងថា មុនឈានដល់ការចុះរដ្ឋបាលទ្រង់ទ្រាយធំបែបនេះ ដោយមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍ និងសំណូមពរ សូមឲ្យអាជ្ញាធរខណ្ឌចុះរដ្ឋបាល និងចាត់វិធានការផងដោយក្នុងភូមិមានក្មេងៗ ទាំងប្រុសទាំងស្រីពពាក់ពពួនគ្នា ប្រើប្រាស់សារធាតុញៀន ចេញចូលក្នុងភូមិទាំងយប់ទាំងថ្ងៃ បង្កជាហានីភ័យ អសន្តិសុខផងដែរ។
ដូច្នះរហូតដល់រសៀលថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំផ្ទាល់ដោយ លោក កែវ សារ៉ាវុធ អភិបាលរងនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ចុះប្រតិបត្តិការ នៅតំបន់ស្មុគស្មុញ ដែលហៅថាភូមិចាម ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ ក្នុងនោះស្រីចំនួន០៤នាក់ ដកហូតវត្ថុតាងរួមមានសារធាតុញៀនមួយចំនួន ដាវរបស់ជនសង្ស័យ សម្ភារៈមួយចំនួនផ្សេងទៀត។
កម្លាំងសមត្ថកិច្ចចុះក្នុងហេតុការនេះបានបញ្ចាក់ផងដែរថា ប្រតិបត្តិការនេះក្រុមជនសង្ស័យបានប្រទុះសារ៉ាយ ជាមួយអាជ្ញាធរដោយមាន ដាវ ចម និងពែល ផងដែរ។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំង១៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ





