ប្រទេសអ៊ីរ៉ាក់ ចង់បញ្ជូនស្ត្រីបរទេសរាប់រយនាក់ និងកូនរបស់ពួកគេ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសនេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ទោះបីជាអ្នកការទូតបរទេសពីរនាក់ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា ដំណើរការនេះ នឹងមានរយៈពេលវែងក៏ដោយ។

មន្ត្រីសន្តិសុខអ៊ីរ៉ាក់ បានប្រាប់AFPថា គំនិតផ្តួចផ្តើមនេះ នឹងមិនរាប់បញ្ចូលស្ត្រី ដែលត្រូវកាត់ទោសប្រហារជីវិតនោះទេ ប៉ុន្តែរួមបញ្ចូលអ្នកដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមដេស (Daesh)ក៏ដូចជាអ្នកដែលត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋកម្មទូទៅ។
លោកបានបន្តថា ចំនួនអ្នកទោសច្រើនជាងគេ គឺមកពីប្រទេសទួរគី អាស៊ែរបៃហ្សង់ និងរុស្ស៊ី។
មានស្ត្រីជនជាតិបារាំងពីរនាក់ផងដែរ ក្នុងនោះមានអ្នកស្រី Djamila Boutoutaou ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ក្នុងឆ្នាំ ២០១៨ ជុំវិញការពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋឥស្លាមDaesh។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៊ីរ៉ាក់ លោក Ahmed Laibi បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរអ៊ីរ៉ាក់ បានបង្កើតគណៈកម្មាធិការមួយ ដែលទទួលបន្ទុករៀបចំផែនការសម្រាប់ការធ្វើមាតុភូមិនិវត្តន៍នូវអ្នកជាប់ឃុំបរទេស និងអារ៉ាប់ ព្រមទាំងកូនរបស់ពួកគេ»។
លោកបានថ្លែងថា៖ «យើងមានស្ត្រី និងកុមាររាប់រយនាក់នៅក្នុងមន្ទីរឃុំឃាំងរបស់យើង» ដោយបានបន្ថែមថា គណៈកម្មាធិការនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តធម៌។