ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ចំនួន ២៨.០៧៦នាក់ បានធ្វើដំណើរឆ្លងទន្លេ Channel ទៅកាន់ប្រទេសអង់គ្លេសដោយជិះទូកតូចៗ នៅឆ្នាំនេះ កើនឡើង ៤៦ % បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ដោយបានបង្កើនសម្ពាធលើលោកនាយករដ្ឋមន្ត្រី Keir Starmer ជុំវិញការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ។

ការកើនឡើងយ៉ាងខ្លាំងបែបនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភជាសាធារណៈកាន់តែខ្លាំងឡើងចំពោះជនអន្តោប្រវេសន៍ ដែលកំពុងបង្កជាកង្វល់ដ៏សំខាន់របស់សាធារណជន ជាមួយនឹងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ នៅតែបន្តនៅខាងក្រៅសណ្ឋាគារដែលផ្តល់ការស្នាក់នៅដល់អ្នកស្វែងរកសិទ្ធិជ្រកកោន។
ទិន្នន័យបានបង្ហាញថា កំណត់ត្រានេះ បានកើនឡើងខ្ពស់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីជនអន្តោប្រវេសន៍ ចំនួន ២១២ នាក់ បានមកដល់ ដោយទូក ៤ គ្រឿងផ្សេងគ្នា នៅថ្ងៃនោះ។

ក្រសួងមហាផ្ទៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ បាតុកម្មជាច្រើន បានធ្វើឡើងនៅទូទាំងប្រទេសអង់គ្លេស កាលពីចុងសប្តាហ៍ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកាលពីសប្តាហ៍មុន ដែលបានបញ្ជាឲ្យដកអ្នកស្វែងរកសិទ្ធិជ្រកកោនចេញពីសណ្ឋាគារមួយ ក្នុងទីក្រុង Epping ភាគឦសាននៃទីក្រុងឡុងដ៍ ដែលជាចំណុចចុងក្រោយបង្កឲ្យមានភាពតានតឹង នៅក្នុងការជជែកពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍។
រដ្ឋាភិបាលការងាររបស់លោក Starmer បានសន្យាថា នឹងបញ្ឈប់ការប្រើប្រាស់សណ្ឋាគារ នៅឆ្នាំ ២០២៩ និងកែលម្អប្រព័ន្ធសិទ្ធិជ្រកកោន។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាល បានប្រកាសពីកំណែទម្រង់ ដើម្បីពន្លឿនការស្នើសុំសិទ្ធិជ្រកកោន និងបញ្ជប់កិច្ចការដែលនៅសល់ជាង១០០.000ករណី។