ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសការបញ្ជាទិញដ៏ធំសម្បើមតម្លៃ ៥០ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃចន្ទ (២៥ សីហា) សម្រាប់យន្តហោះប៊ូអ៊ីងចំនួន ១០៣គ្រឿង និងម៉ាស៊ីនយន្តហោះពីក្រុមហ៊ុនអាមេរិក GE Aerospace រួមនឹងការផ្តល់សេវាថែទាំ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

ការបញ្ជាទិញនេះ គឺជាជំនួញដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលរួមមានយន្តហោះប៊ូអ៊ីង ប្រភេទ ៧៨៧ និង ៧៧៧ រួមទាំង ៧៣៧ ក្នុងតម្លៃប្រហែល ៣៦,៥ពាន់លានដុល្លារ។ ក្រុមហ៊ុន Korean Air ក៏បានប្រកាសពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ជាមួយក្រុមហ៊ុន GE លើការទិញ និងថែទាំម៉ាស៊ីន ដែលមានតម្លៃ ១៣,៧ពាន់លានដុល្លារ ។
ប្រទេសជាច្រើនដែលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលអាមេរិក បានប្រកាស ឬគ្រោងនឹងប្រកាសការបញ្ជាទិញយន្តហោះប៊ូអ៊ីងសំខាន់ៗ ខណៈក្រុមហ៊ុនផលិយន្តហោះមួយនេះបានឈ្នះការបញ្ជាទិញធំៗជាច្រើនក្នុងប៉ុន្មានខែថ្មីៗ។
ក្រុមហ៊ុនប៊ូអ៊ីង និយាយថា កិច្ចព្រមព្រៀងនេះនឹងជួយ Korean Air ធ្វើសមាហរណកម្មពេញលេញជាមួយនឹងប្រតិបត្តិការ Asiana Airlines ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់បណ្ដាញអាកាសចរណ៍ធំបំផុតរបស់កូរ៉េខាងត្បូង ដែលខ្លួនបានទិញកាលពីឆ្នាំមុន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងប៊ូអ៊ីង និង GE ដ៏សំខាន់នេះ នឹងជំរុញការនាំចេញផ្នែកអវកាសរបស់សហរដ្ឋអាមេរិក៕

