អូស្ត្រាលី និងជប៉ុន បានចូលរួមក្នុងបញ្ជីប្រទេសដែលកំពុងកើនឡើងក្នុងការផ្អាកការបញ្ជូនកញ្ចប់ទំនិញមួយចំនួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចប់ការលើកលែងដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញដែលមានតម្លៃតិចជាង៨០០ដុល្លារ ចូលប្រទេសនេះដោយមិនបង់ពន្ធ។
ដោយការលើកលែង «វិធានការសម្រាប់ទំនិញតូចៗ» នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃសុក្រ ប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបានប្រកាសថាខ្លួនកំពុងអនុវត្ត «ការផ្អាកដោយផ្នែកជាបណ្តោះអាសន្ន»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួនមានការ«ខកចិត្ត» ប៉ុន្តែការសម្រេចផ្អាកនេះគឺចាំបាច់ «ដោយសារតែស្ថានភាពស្មុគស្មាញ និងមានការវិវត្តយ៉ាងឆាប់រហ័ស» ។
ការិយាល័យសេវាប្រៃសណីយ៍បាននិយាយថា កញ្ចប់ទំនិញដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក និងកោះព័រតូរីកូ ដែលដាក់នៅថ្ងៃអង្គារនេះឬក្រោយថ្ងៃអង្គារ នឹងមិនត្រូវបានទទួលយករហូតដល់មានការជូនដំណឹងបន្ថែម។ ទំនិញដែលមានតម្លៃតិចជាង១០០ដុល្លារ មានសំបុត្រ និងឯកសារ នឹងមិនប៉ះពាល់ដល់ការផ្លាស់ប្តូរនោះទេ។ ប្រៃសណីយ៍អូស្ត្រាលីបាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក និងអូស្ត្រាលី និងដៃគូប្រៃសណីយ៍អន្តរជាតិ ដើម្បីបន្តសេវាកម្មទៅកាន់សហរដ្ឋអាមេរិកវិញក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះ ប្រៃសណីយ៍របស់ប្រទេសជប៉ុន បានធ្វើសេចក្តីប្រកាសស្រដៀងគ្នាកាលពីថ្ងៃចន្ទដោយនិយាយថាការផ្អាកការបញ្ជូនកញ្ចប់ទំនិញមួយចំនួនគឺជាការចាំបាច់។