ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ចេញអត្រាពន្ធថ្មី និងការរឹតបន្តឹងលើការនាំចេញលើបច្ចេកវិទ្យាទំនើប និងបន្ទះឈីប ដើម្បីជាការឆ្លើយតបទៅនឹងការយកពន្ធលើសេវាកម្មឌីជីថលរបស់ប្រទេសផ្សេងទៀតដែលនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។
នៅលើបណ្ដាញសង្គមរបស់លោក កាលថ្ងៃពីចន្ទ (ទី២៥ ខែសីហា) លោក Trump បានបង្ហោះសារថា វិធានការ «ត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ ឬរើសអើង ចំពោះបច្ចេកវិទ្យារបស់អាមេរិក» ហើយ «អ្វីដែលគួរឲ្យហួសចិត្តនោះ គឺថា ធ្វើមិនដឹងមិនឮ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសចិន»។

លោកបានសរសេរបន្តថា៖ «រឿងនេះត្រូវតែបញ្ចប់ ហើយបញ្ចប់ឥឡូវនេះ!។ ប្រសិនបើសកម្មភាពរើសអើងទាំងនេះមិនត្រូវបានដកចេញទេនោះ ខ្ញុំក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក នឹងដាក់ពន្ធបន្ថែមយ៉ាងខ្ពស់ លើការនាំចេញរបស់ប្រទេសនោះមកកាន់សហរដ្ឋអាមេរិក ហើយដាក់កម្រិតលើការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបដែលមានសុវត្ថិភាពខ្ពស់របស់យើង»។
ចំណាត់ការចុងក្រោយបង្អស់របស់លោកប្រធានាធិបតីរូបនេះ ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្ម បង្កើនភាពមិនច្បាស់លាស់ជាថ្មីម្ដងទៀត លើអត្រាពន្ធ សម្រាប់ដៃគូពាណិជ្ជកម្មអាមេរិក។ ភ្លាមៗ បន្ទាប់ពីលោក Trump កំណត់យកពន្ធតាមមូលដ្ឋានរបស់ប្រទេសជាមួយដៃគូរាប់សិប កាលពីដើមខែសីហា លោកបានប្តេជ្ញាថា នឹងបន្ថែមបន្ទុកពន្ធថ្មីលើការនាំចូលជាច្រើន។ កាលពីសប្តាហ៍មុន លោកបាននិយាយថា ការនាំចូលគ្រឿងសង្ហារិម នឹងត្រូវបង់ពន្ធថ្មី។
លោក Trump បានលើកឡើងជាយូរមកហើយថា ពន្ធលើសេវាកម្មឌីជីថល បង្ហាញពីការរើសអើង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Amazon, Google និង Meta Platforms៕
