អូស្ត្រាលី នៅថ្ងៃអង្គារ (ទី២៦ ខែសីហា) នេះ បានឲ្យដឹងថា ខ្លួននឹងបណ្ដេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងកង់បេរ៉ា ខណៈដែលខ្លួនបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានអនុវត្តការវាយប្រហារប្រឆាំងជនជាតិជីហ្វចំនួន ២លើក នៅក្នុងទីក្រុងធំៗ គឺស៊ីដនី និងមែលប៊ន។
ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា បានចាប់ផ្តើមមានឡើង កាលពីខែតុលា ឆ្នាំ២០២៣ លំនៅឋាន សាលារៀន វិហារជនជាតិជ្វីហ្វ និងយានយន្តរបស់ប្រជាជនអូស្ត្រាលី ត្រូវបានកំណត់គោលដៅ តាមរយៈការបំផ្លិចបំផ្លាញ និងការដុតប្រឆាំងជនជាតិជីហ្វ។

នៅក្នុងឧប្បត្តិហេតុថ្មីបំផុត កាលពីខែកក្កដា នគរបាលបានចោទប្រកាន់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារដោយដុតលើវិហារជនជាតិជ្វីហ្វ នៅទីក្រុងមែលប៊ន ដោយមានអ្នកគោរពបូជានៅខាងក្នុងនោះ។
នាយករដ្ឋមន្ត្រី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ទាំងនេះ គឺជាសកម្មភាពគឃ្លើនមិនធម្មតា និងគ្រោះថ្នាក់ដែលរៀបចំដោយបរទេស នៅលើទឹកដីអូស្ត្រាលី។ ទង្វើទាំងនេះគឺជាការប៉ុនប៉ងបំផ្លាញការរួបរួមគ្នា ក្នុងសង្គម និងបង្កើតឲ្យមានភាពមិនចុះសម្រុងក្នុងសហគមន៍របស់យើង»។
លោក Albanese បានបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានផ្អាកប្រតិបត្តិការ នៅស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេអេរ៉ង់ ហើយអ្នកការទូតទាំងអស់ មានសុវត្ថិភាពនៅក្នុងប្រទេសទី៣ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោក នឹងចាត់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ទីក្រុងតេអេរ៉ង់ចូលក្នុងបញ្ជីឈ្មោះអង្គការភេរវករ៕
