ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ សារព័ត៌មានFars បានដកស្រង់សម្តីលោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចចរចានឹងធ្វើឡើងក្នុងចំណោមអនុរដ្ឋមន្ត្រីការបរទេស។

ក្រុមអ្នកការទូត ក៏នឹងពិភាក្សាអំពីការទាមទាររបស់អ៊ីរ៉ង់សម្រាប់ការដកទណ្ឌកម្ម និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក។
របាយការណ៍នេះ បានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុនរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងសមភាគីរបស់លោកមកពីប្រទេសអឺរ៉ុបទាំងបី មានបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលគេស្គាល់ថា E3 ព្រមទាំងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas ។
ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក អ៊ីរ៉ង់ និង ប្រទេសE3 បានបើកកិច្ចពិភាក្សាជាច្រើនជុំលើបញ្ហាជាច្រើន រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកចេញទណ្ឌកម្ម។ កិច្ចពិភាក្សាជុំចុងក្រោយ បានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីចុងខែកក្កដា។
