ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសចិនកំពុងសាងសង់រចនាសម្ព័ន្ធថ្មី នៅក្នុងដែនទឹក រវាងប្រទេសទាំង២ នៅក្នុងសមុទ្រចិនខាងកើត ហើយបានប្រាប់ថា ខ្លួនបានដាក់ការតវ៉ាផ្លូវការជាមួយចិន។
ការសាងសង់សំណង់ជាឯកតោភាគីរបស់ប្រទេសចិន កំពុងប្រព្រឹត្តទៅ ទោះបីជាមានកិច្ចព្រមព្រៀងឆ្នាំ២០០៨ ក៏ដោយ ជាអ្វីដែលរដ្ឋាភិបាលនៃប្រទេសទាំង២ បានព្រមព្រៀងលើការអភិវឌ្ឍឧស្ម័នរួមគ្នា នៅក្នុងតំបន់នេះ។ តែយ៉ាងណាក្ដី ការចរចាលើការអនុវត្តកិច្ចព្រមព្រៀង បានជាប់គាំង។

ហើយក្រសួងការបរទេសជប៉ុនបានប្រាប់កាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជាក់ថា រចនាសម្ព័ន្ធចិនថ្មី កំពុងត្រូវបានសាងសង់នៅផ្នែកនៃខ្សែមេដ្យាន រវាងប្រទេសទាំង២។
អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន លោក Kanai Masaaki បានដាក់ចេញការតវ៉ាផ្លូវការទៅកាន់អ្នកការទូតជាន់ខ្ពស់របស់ស្ថានទូតចិន នៅទីក្រុងតូក្យូ។ មន្ត្រីជប៉ុន បានហៅសកម្មភាពជាឯកតោភាគីរបស់ចិនថា ជា «ទង្វើដ៏គួរឲ្យសោកស្ដាយជាពន់ពេក» ហើយបានទាមទារឲ្យទីក្រុងប៉េកាំងត្រលប់ទៅកាន់ការចរចាដែលជាប់គាំងនោះវិញ។
ក្រសួងបញ្ជាក់បន្ថែមថា រចនាសម្ព័ន្ធដែលត្រូវបានសាងសង់ឡើងដោយប្រទេសចិន គឺជាសំណង់បែបនេះទី២១ បន្ទាប់ពីមានការបញ្ជាក់ពីការសាងសង់ កាលពីខែឧសភា និងមិថុនា៕
